ខចែង និង លក្ខខណ្ឌ

កម្ចីរហ័ស

កម្ចីរហ័ស (“កម្ចី”) គឺសំដៅទៅលើកម្ចីដែលខ្ចីដោយអ្នកខ្ចី ពីធនាគារវឌ្ឍនៈអាស៊ីចំកាត់ (“ធនាគារ”) តាមរយៈប្រព័ន្ធប្រតិបត្តិការ Mobile Banking របស់ធនាគារ ដែលធានាដោយប្រាក់បញ្ញើមានកាលកំណត់ (“ប្រាក់បញ្ញើ”) ដែលបានបើកជាមួយធនាគារ។

ការធានា

ដើម្បីជាការធានាកម្ចី អ្នកខ្ចីបានយល់ព្រមដាក់ធានាប្រាក់បញ្ញើមានកាលកំណត់របស់ខ្លួនជូនធនាគារ ដែលបានបើកជាមួយធនាគារ។ ប្រាក់បញ្ញើមានកាលកំណត់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារ ជារបស់ដាក់បញ្ចាំធានាសម្រាប់ធ្វើការទូទាត់សងកម្ចី និងកម្រៃផ្សេងៗមកធនាគារ នៅកាលបរិច្ឆេទដល់កំណត់សងប្រាក់សម្រាប់កម្ចីដែលបានស្នើសុំ។ ក្នុងអំឡុងពេលដែលកម្ចីនៅមានសុពលភាព បើគ្មានការអនុញ្ញត ជាលាយលក្ខណ៍អក្សរជាមុនពីធនាគារទេ អ្នកខ្ចី មិនត្រូវបានផ្តល់សិទ្ធិឱ្យដកប្រាក់ទាំងអស់ ឬចំនួនណាមួយនៃប្រាក់បញ្ញើមានកាលកំណត់ ឬ ធ្វើអនុប្បទាន ផ្ទេរ ដាក់បញ្ចាំ ឬធ្វើការផ្លាស់ប្តូរផ្សេងៗ ដែលនាំឲ្យបាត់បង់នូវចំនួនទាំងអស់ ឬចំនួនណាមួយនៃប្រាក់បញ្ញើមានកាលកំណត់ដែលបានធានានោះទេ។ អ្នកខ្ចី បានផ្តល់សិទ្ធិគ្រប់យ៉ាងទៅ ធនាគារក្នុងការពិនិត្យ និងដកប្រាក់ពីគណនីធនាគារណាមួយ ឬទាំងអស់របស់អ្នកខ្ចី ក្នុងគោលបំណងបំពេញនូវភាពចាំបាច់ ឬ ត្រូវបង់ការប្រាក់ ឬ ប្រាក់ដើមដែលអ្នកខ្ចីត្រូវបង់ឱ្យទៅធនាគារ។ នៅពេលដែលមានការបំពានលើការបង់ការប្រាក់ និង/ឬប្រាក់ដើម ធនាគារ មានឆន្ទានុសិទ្ធិដាច់ខាតដើម្បីដកប្រាក់បញ្ញើមានកាលកំណត់ដែលជាវត្ថុដាក់បញ្ចាំដើម្បីទូទាត់ប្រាក់ដើម ព្រមទាំងការប្រាក់ដែលត្រូវសង ដោយគ្រាន់តែផ្តល់ដំណឹងជូនអ្នកខ្ចីតាមក្រោយ និងមិនចាំបាច់ដំណើរការនីតិវិធីតុលាការឡើយ ហើយប្រាក់បញ្ញើមានកាលកំណត់នឹងត្រូវលុបចោល ដើម្បីធ្វើការទូទាត់សងប្រាក់កម្ចី។

ការធានានេះ នឹងត្រូវបានបន្តធានារហូត ហើយការទទួលខុសត្រូវរបស់អ្នកខ្ចីនៅទីនេះ នឹងមិនទទួលរងផលប៉ះពាល់ដោយសារ ការកែតម្រូវផ្នែកណាមួយនៃគណនី ឬ ការផ្លាស់ប្តូរណាមួយនៃលក្ខខណ្ឌ និងខចែង របស់ទឹកប្រាក់កម្ចីដែលបានផ្តល់ជូនអ្នកខ្ចី ដែលអាចមានការផ្លាស់ប្តូរ ពីពេលមួយទៅពេលមួយ ឬ នៅពេលណាមួយ ដោយពុំចាំបាច់ធ្វើការ ពិភាក្សាជាមួយអ្នកខ្ចី ឬក៏ការជូនដំណឹងដល់អ្នកខ្ចី។

អត្រាការប្រាក់

អត្រាការប្រាក់នៃកម្ចីរហ័ស គឺមានចំនួន ៣% ដោយបូកបន្ថែមទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់ ដែលបានផ្តល់ឲ្យជាទ្រព្យធានាសម្រាប់កម្ចីនេះ។

ការទូទាត់សង

ប្រាក់ដើម និង ការប្រាក់នៃកម្ចីនេះ ត្រូវធ្វើការទូទាត់សងទាំងស្រុងនៅ កាលវសាននៃប្រាក់បញ្ញើមានកាលកំណត់។ អ្នកខ្ចី អាចជ្រើសរើសក្នុងការទូទាត់សងប្រាក់ដើម និងការប្រាក់ នៅ ឬ មុនកាលបរិច្ឆេទទូទាត់សង។ ការប្រាក់នឹងត្រូវគណនាគិតចាប់ពីកាលបរិច្ឆេទដាក់កម្ចីឱ្យប្រើប្រាស់ រហូតដល់កាលបរិច្ឆេទកម្ចីត្រូវបានទូទាត់សងទាំងស្រុង។ ប្រសិនបើកាលបរិច្ឆេទកំណត់បង់ប្រាក់ប៉ះចំថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់សងនៅថ្ងៃធ្វើការបន្ទាប់។

បញ្ញត្តិទាក់ទងនឹងការមិនបំពេញកាតព្វកិច្ច

ករណីដូចខាងក្រោមត្រូវបានចាត់ទុកថាជាការមិនបំពេញកាតព្វកិច្ច៖

  1. ក. អ្នកខ្ចី ខកខាន ក្នុងការទូទាត់សងប្រាក់ដែលជំពាក់ រហូតដល់ថ្ងៃកំណត់សងប្រាក់។
  2. ខ. ប្រសិនបើអ្នកខ្ចី ខកខានមិនបាន បំពេញកាតព្វកិច្ច ឬ ការសន្យាណាមួយក្រោមខចែង និងលក្ខខណ្ឌនេះ និង/ឬ កិច្ចព្រមព្រៀងណាមួយដែលអ្នកខ្ចីជាភាគីពាក់ព័ន្ធ ។
  3. គ. ប្រសិនបើមានការទាមទារណាមួយចំពោះទ្រព្យធានាដែលបានដាក់បញ្ចាំជូនធនាគារ។

ដំណោះស្រាយ

នៅពេលមានការមិនបំពេញកាតព្វកិច្ចកើតឡើង ធនាគារមានជម្រើសក្នុងការប្រកាសថា អ្នកខ្ចីមិនបានបំពេញកាតព្វកិច្ច ក្រោមខចែង និងលក្ខខណ្ឌនេះ ហើយម្យ៉ាងវិញទៀត ធនាគារក៏អាចជ្រើសរើសយកវិធីដោះស្រាយណាមួយខាងក្រោមដែលមានចែងក្នុងច្បាប់ជាធរមាន៖

  1. ក. ស្នើសុំឱ្យអ្នកខ្ចី ទូទាត់សងមកវិញជាបន្ទាន់នូវចំណែកណាមួយ ឬ ទាំងស្រុងនៃកម្ចី និង ធ្វើការទូទាត់សងការប្រាក់ដែលបានបង្គរទាំងអស់ នៅថ្ងៃខាកខានមិនបានបង់រហូតដល់ថ្ងៃដែល ធនាគារបានការទូទាត់សងប្រាក់។
  2. ខ. អនុវត្តលើផលប្រយោជន៏ប្រាតិភោគ និងដកយកប្រាក់បញ្ញើ ដែលជាទ្រព្យធានាទៅទូទាត់ប្រាក់ដើម និងការប្រាក់បង្គររហូតដល់កាលបរិច្ឆេទទូទាត់សង។ ក្នុងករណីនេះ ការប្រាក់នៃប្រាក់បញ្ញើមិនបានផ្តល់ជូនអ្នកខ្ចីឡើយ។ ប្រសិនបើ ប្រាក់បញ្ញើ មិនគ្រប់គ្រាន់ក្នុងការទូទាត់បំណុលដែលជាកាតព្វកិច្ចរបស់អ្នកខ្ចី ធនាគារមានសិទ្ធិក្នុងការទាមទារទ្រព្យសម្បត្តិផ្សេងទៀតរបស់អ្នកខ្ចីដើម្បីទូទាត់សងបំណុលទាំងស្រុង។

ការចែកចាយព័ត៌មាន

ដរាបណាកម្ចីមិនទាន់ទូទាត់សងទាំងស្រុង អ្នកខ្ចីតាមរយៈនេះ យល់ព្រមទាំងស្រុងឱ្យធនាគារ ចែកចាយព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានរបស់អ្នកខ្ចី ជូនទៅការិយាល័យឥណទានកម្ពុជា ធនាគារជាតិនៃកម្ពុជា សវនករ ឬ ស្ថាប័នរាជរដ្ឋាភិបាលណាមួយ ផ្សេងទៀត ឬ ទីប្រឹក្សាណាមួយ បុគ្គលិកដែលទទួលបន្ទុកក្នុងនាមធនាគារ។ អ្នកខ្ចីតាមរយៈនេះយល់ព្រមសងការ ខូចខាតដល់ធនាគារលើផលវិបាកណាមួយ ដែលអាចនឹងកើតឡើងដោយសារតែទង្វើណាមួយដែលបានបញ្ជាក់ដោយធនាគារ។

បញ្ញត្តិផ្សេងទៀត

អសុពលភាព ឬ ភាពដែលមិនអាចអនុវត្តបាននៃបញ្ញត្តិណាមួយ ឬច្រើននៅក្នុងខចែង និងលក្ខខណ្ឌនេះមិនអាចប៉ះពាល់ដល់បញ្ញត្តិណាមួយ ផ្សេងទៀតនៃខចែង និងលក្ខខណ្ឌនេះឡើយ។ បញ្ញត្ដិនៃខចែង និងលក្ខខណ្ឌនេះ នឹងត្រូវបានចងភ្ជាប់កាតព្វកិច្ចចំពោះទាយាទ អ្នកតំណាងផ្ទាល់ខ្លួន សន្តតិជន និងអនុប្បទានិក រវាងអ្នកខ្ចី និងធនាគារ។ ខចែង និងលក្ខខណ្ឌនេះធ្វើឡើងជាភាសាអង់គ្លេស និងភាសាខ្មែរ ដោយមានប្រសិទ្ធិភាព និងអនុភាពដូចគ្នា។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ភាសាខ្មែរត្រូវមានឧត្តមានុភាព។

ការដោះស្រាយយវិវាទ និងច្បាប់គ្រប់គ្រង

វិវាទទាំងឡាយណាដែលកើតចេញពីខចែង និងលក្ខខណ្ឌនេះត្រូវដោះស្រាយដោយសន្តិវិធីរវាងធនាគារ និងអ្នកខ្ចី។ ប្រសិនបើទទួលបរាជ័យភាគីទាំងពីរ ធនាគារ និងអ្នកខ្ចីយល់ព្រមបញ្ជូនវិវាទទៅតុលាការនៃព្រះរាជាណាចក្រកម្ពុជា។ ខចែង និង លក្ខខណ្ឌនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

បានអាន និង បានយល់ពីខ្លឹមសារទាំងស្រុងនៃខចែង និងលក្ខខណ្ឌនេះ ធនាគារ និងអ្នកខ្ចី តាមរយៈនេះព្រមប្រតិបតិ្តតាមខចែង លក្ខខណ្ឌនៃឥណទាន នេះរហូតទាល់តែឥណទានរបស់អ្នកខ្ចីត្រូវបានទូទាត់សងរួចរាល់ទាំងស្រុង។